កាលបរិច្ឆេទ: ០៩ មករា ២០២៥ / ជិវិត និងសង្គម / Author : ATH Sokren
ចាប់ពីថ្ងៃទី២ មករា មក ក្រសួងបរិស្ថានបានបើកយុទ្ធនាការជាតិដើម្បីបោសសម្អាតសំរាមថង់ប្លាស្ទិកនៅតាមបណ្តោយផ្លូវជាតិទាំងអស់។ សូមចូលរួមអបអរសាទរ!
ក្នុងចំណោមសេចក្តីប៉ងប្រាថ្នានានាសម្រាប់ឆ្នាំថ្មីនេះ បំណងប្រាថ្នាមួយសំខាន់ជាងគេរបស់កម្ពុជាគឺលែងមានសំរាម និងកាកសំណល់ទៀតហើយ។ មូលហេតុដែលកម្ពុជាប៉ងបែបនេះព្រោះវាជារឿងដែលអាចធ្វើទៅបាន!
កាលពីពេលថ្មីៗកន្លងទៅនេះ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ទេសចរបរទេសស្រីម្នាក់ដែលធ្វើដំណើរកម្សាន្តតាមរថយន្តបានរិះគន់ថា៖ «ខ្ញុំមិនយល់សោះថាគេអាចរស់នៅក្នុងប្រទេសមួយដែលកខ្វក់បែបនេះ»។ គាត់ស្រឡាញ់ជាប់ចិត្តជាមួយនឹងប្រាង្គប្រាសាទនានា ជាមួយវប្បធម៌ខ្មែរ ការទទួលរាក់ទាក់របស់ប្រជាជន និងស្នាមញញឹមជាដើម ប៉ុន្តែចុងបញ្ចប់អ្វីដែលគាត់ចងចាំយកទៅជាមួយគឺរូបភាពតាមដងផ្លូវជាតិដែលពោរពេញទៅដោយថង់ប្លាស្ទិកដែលគេបោះចោលតាមកញ្ចក់រថយន្ត។
យើងមិនដឹងថាត្រូវឆ្លើយតបទៅនឹងភ្ញៀវទេសចរម្នាក់នេះយ៉ាងម៉េចទេ គឺបានតែញញឹមតបទាំងរអៀសចិត្តប៉ុណ្ណោះ ព្រោះអ្វីដែលគាត់និយាយគឺមិនខុសទេ។ ផ្លូវនៅប្រទេសយើងគគ្រិចមែន។ ការបំពុលបរិស្ថានតាមរយៈសំរាមថង់ប្លាស្ទិកនេះមិនត្រឹមតែប៉ះពាល់ផ្ទាល់ដល់បរិស្ថាននោះទេ គឺវាប៉ះពាល់ទៅដល់ផ្លូវចិត្តរបស់យើងទៀតផង។ យើងមិនអាចធ្មេចភ្នែកធ្វើមិនឃើញសំរាមនោះទេ ហើយយើងក៏មិនអាចធ្វើមិនដឹងមិនឮនៅពេលដែលប្រទេសជាតិត្រូវភ្ញៀវទេសចរមាក់ងាយដែរ។
អ្នកខ្លះអាចនឹងនិយាយថា មានបញ្ហាជាច្រើនទៀតក្រៅពីបញ្ហាបំពុលបរិស្ថានតាមរយៈសំរាមថង់ប្លាស្ទិកដែលត្រូវដោះស្រាយជាបន្ទាន់។ ប្រហែលជាអ៊ីចឹងមែនហើយ ប៉ុន្តែបញ្ហាមួយនេះគឺយើងអាចដោះស្រាយបាន ដោយគ្រាន់តែនាំគ្នាប្រមូលសំរាម ហើយឈប់បោះចោលពាសវាលពាសកាលទៀតទៅ ជាការស្រេច។ គឺងាយៗណាស់។ យើងសាកបិទភ្នែកហើយស្រមៃទៅរូបភាពប្រទេសកម្ពុជាដែលគ្មានសំរាមថង់ប្លាស្ទិកទៅមើល។ វាពិតជាល្អស្អាតហើយមែនទេ? អ៊ីចឹងតើចាំអីទៀត រួមគ្នាកម្ចាត់សំរាមឥឡូវនេះទៅ!